ការប្រកួតជើងឯក E-Sports ពិភពលោកចាប់ផ្តើមថ្ងៃទី២ដល់ទី៥ ធ្នូ នៅសេអ៊ូល
Wednesday, December 2nd, 2015
ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកពិភពលោកលើកទី៧គឺ The 7th e-Sport World Championship Seoul 2015 ចាប់ផ្តើមដំណើរការពីថ្ងៃទី២ដល់ទី៥ ខែធ្នូ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិអញ្ជើញឲ្យចូលរួមដែរនោះបានឲ្យដឹងពីប្រទេសកូរ៉េខាងថា ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិនៅពេលនេះមានចំណុចពីរសំខាន់គឺមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ និងការការប្រកួតជើងឯក E-Sports ពិភពលោកប្រចាំឆ្នាំ២០១៥។
លោកបន្តឲ្យដឹងថា ពិធីបើកការប្រកួតជើងឯកពិភពលោកថ្ងៃទី២ធ្នូនេះប្រារព្ធធ្វើនៅ Nexon eSport Arena ក្នុងតំបន់ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដែលអញ្ជើញចូលរួមជាអធិបតីដោយលោក Byung Hun Jun ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចអន្តរជាតិ និង លោក Tae Yong Yoon តំណាងឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ តំណាង OCA លោកស្រី Rita Subowo សមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Patrick Nally ប្រធាន West Nellyនិង EFP តំណាងក្រុមប្រឹក្សាអូឡាំពិកអន្តរជាតិ លោក Ham Shehab ព្រមទាំងតំណាងសហព័ន្ធកីឡាអេឡិចត្រូនិកមកពីបណ្ដាលប្រទេសផ្សេង និងកីឡាករ កីឡាការិនីជាង២០០នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក។
មិនត្រឹមតែក៏ពិធីស្បថរបស់កីឡាការិនីមកពីអាហ្វ្រិកខាងត្បូង តំណាងឲ្យកីឡាករ កីឡាការិនីទាំងអស់ដែលបានចូលរួមការប្រកួតក្នុងក្របខណ្ឌ Fair-play។ សម្រាប់ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកពិភពលោកឆ្នាំ២០១៥នេះមាន៣ប្រភេទវិញ្ញាសាគឺ១ League Legends (ប្រភេទជាក្រុម៥នាក់) ២. StarCraft (ឯកត្តជន) និង៣. Hearthstone (ឯកត្តជន)។
ចំពោះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិអញ្ជើញឲ្យចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន បន្ទាប់ពីទើបបង្កើតឡើងកាលពីចុងឆ្នាំ២០១៤៕
អត្ថបទ៖ ជាន ចាន់រ៉ា
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com