ចិនទទួលរៀបចំកិច្ចប្រជុំ E-Sports កំពូលជាសកល ខណៈកម្ពុជាក៏ត្រូវចូលរួម
Thursday, July 7th, 2016
សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) និង World Cyber Arena នឹងរៀបចំកិច្ចប្រជុំកំពូលស្តីពីកីឡាអេឡិចត្រូនិកសកល (2016 Global e-Sports Executive Summit) នៅទីក្រុងស៊ាងហៃ ប្រទេសចិនចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដានេះដែលមានទាំងការតាំងពិព័រណ៍ឧស្សាហកម្មឌីជីថលផងដែរ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាក៏ត្រូវចូលរួមក្នុងព្រឹត្តិការណ៍ធំជាសកលនេះដែរ។
កិច្ចប្រជុំកាលពីឆ្នាំ២០១៥
គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលនេះគឺដើម្បីចែករំលែកគំនិតគ្នាទៅវិញទៅមកជុំវិញឧស្សាហកម្ម E-Sports ផ្សេងគ្នាដល់ដៃគូពាក់ព័ន្ធនានាបានយល់ពីការរីកចម្រើនទូទាំងពិភពលោក ព្រមទាំងដាក់ទៅទិសដៅអភិវឌ្ឍឲ្យបានត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំនេះក៏ពាក់ព័ន្ធនឹងគ្រួសារកីឡា E-Sports អន្តរជាតិឲ្យពិភាក្សាគ្នាជុំវិញសក្តានុពលកីឡាអេឡិចត្រូនិកនេះ។
កិច្ចប្រជុំកំពូលនឹងប្រជុំដោយសហព័ន្ធកីឡា E-Sports ជាតិទាំងអស់នៅជុំវិញពិភពលោកដែលជាសមាជិកនៃសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដើម្បីបានបង្ហាញនូវសកម្មភាពក្នុងការប្រតិបត្តិតាមបណ្តាលប្រទេសនីមួយៗ និងក្រុមហ៊ុនអេឡិចត្រូនិកនានាក៏បង្ហាញពីអាជីវកម្មរបស់ខ្លូន ព្រមទាំងអត្តពលិក E-Sports ល្បីៗជុំវិញពិភពលោក។
សហព័នុ្ធកីឡាអេឡិចត្រូនិកអន្តរជាតិរំពឹងថា កិច្ចប្រជុំកំពូលនេះជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់ស្ថាប័នទាំងអស់ដែលពាក់ព័ន្ធនឹងកីឡាអេឡិចត្រូនិក និងវិស័យបច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរ និងចែករំលែកគ្នាទៅវិញទៅមកឈានឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្ម E-Sports កាន់តែខ្លាំង។
លោក Alex Lim អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិបានលើកឡើងថា ៖«យើងសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងចែករំលែកចក្ខុវិស័យដូចគ្នាក្នុងកិច្ចប្រជុំកំពូល និងតាំងពិរពណ៌ E-Sports សកលនេះដើម្បីការអភិវឌ្ឍវិស័យ E-Sports កាន់តែខ្លាំងនាពេលអនាគត»។
«យើងទន្ទឹងរង់ចាំការចូលរួមពីសហព័ន្ធជាតិជាសមាជិកទាំងអស់ដើម្បីញុំងឲ្យព្រឹត្តិការណ៍កាន់តែអស្ចារ្យ និងE-Sports កាន់តែមានសក្ដានុពល។ សង្ឃឹមថា កិច្ចប្រជុំជាច្រើនផ្នែកនៃកិច្ចប្រជុំកំពូលនេះនឹងគាំទ្រដល់ការទទួលស្គាល់ E-Sports របស់ស្ថាប័ន SportAccord និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
កិច្ចប្រជុំកាលពីឆ្នាំ២០១៥
សម្រាប់កិច្ចប្រជុំកំពូលស្តីពី E-Sports និងការតាំងពិព័រណ៍នៅប្រទេសចិនជាសកលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)ដែលជាស្ថាប័នកីឡាជាតិក៏ចូលរួមក្នុងពិធីដ៏អស្ចារ្យនេះក្នុងនោះឯកឧត្តម ជា ច័ន្ធបរិបូណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាក៏អញ្ជើញចូលរួម។ នេះជាលើកទី១ហើយកម្ពុជាត្រូវបានអញ្ជើញចូលរួម បន្ទាប់ពីបានក្លាយជាសមាជិកពេញសិទ្ធិកាលពីចុងឆ្នាំ២០១៥កន្លងទៅ។
ចិនជាប្រទេសដែលរីកចម្រើនខ្លាំងផ្នែកកីឡា E-Sports និងបច្ចេកវិទ្យា ដូច្នេះបានជាប្រទេសមួយនេះទទួលរៀបចំកិច្ចប្រជុំកំពូលស្តីពី E-Sports និងការតាំងពិព័រណ៍ជាសកលប្រចាំឆ្នាំ២០១៦នេះ៕
អត្ថបទ៖ ជាន ចាន់រ៉ា
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/89 777 691, eMail:efckhmer@gmail.com