ប្រមុខ​ E-Sports កម្ពុជា​​ឡើង​យន្តហោះ​ទៅ​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​ E-Sports សកល​នៅ​ចិន​

Friday, July 29th, 2016

ប្រមុខ​ដឹក​នាំ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ឡើង​យន្តហោះ​កាល​ពី​យប់​មិញ​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ ​កីឡា​អេឡិចត្រូនិក​សកល (2016 Global e-Sports Executive Summit)​ ដែល​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ (IeSF) ​និង​​ World Cyber Arena ​​នៅ​ទី​ក្រុង​ស៊ាងហៃ​ ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​៣០​ ដល់​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​​ ឆ្នាំ​២០១៦។

វត្តមាន​ចូល​រួម​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​មាន​ឯកឧត្តម​ ជា ច័ន្ទបរិបូណ៍​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ព្រម​ទាំង​លោក​ វ៉ាន់ សំបូរ ប្រធាន​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។​

 

EFC-Teamលោក វ៉ាន់ សំបូរ និង ឯកឧត្តម ជា ច័ន្ទបរិបូណ៍

 

តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្តម​ ជា ច័ន្ទបរិបូណ៍​ថា គោល​​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​គឺ​ដើម្បី​ចែក​រំលែក​គំនិត​ ​​គ្នា​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ឧស្សាហកម្ម​​​ E-Sports ផ្សេង​គ្នា​​ដល់​ដៃ​គូ​ពាក់​ព័ន្ធ​​នានា​បាន​យល់​ពី​ការ​រីក​ចម្រើន​ទូទាំង​ ពិភព​លោក​ ព្រម​ទាំង​ដាក់​ទៅ​ទិស​ដៅ​អភិវឌ្ឍ​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កិច្ច​ប្រជុំ​នេះ​​ក៏​ពាក់​ព័ន្ធ​នឹង​គ្រួសារ​កីឡា​​ E-Sports អន្តរជាតិ​​ឲ្យ​ពិភាក្សា​គ្នា​​ជុំ​វិញ​សក្តានុពល​​កីឡា​អេឡិចត្រូនិក​នេះ។​

លើស​ពី​នេះ​ទៀត​ កិច្ច​ប្រជុំ​កំពូល​នឹង​​ប្រជុំ​ដោយ​សហព័ន្ធ​កីឡា​ E-Sports ជាតិ​ទាំង​អស់​​នៅ​ជុំ​វិញ​ពិភព​លោក​ដែល​ជា​សមាជិក​នៃ​សហព័ន្ធ​កីឡា​ អេឡិចត្រូនិក​អន្តរជាតិ​​ដើម្បី​បាន​បង្ហាញ​នូវ​​​សកម្មភាព​ក្នុង​​ការ​ ប្រតិបត្តិ​តាម​​បណ្តាល​​ប្រទេស​នីមួយ​ៗ​ និង​ក្រុម​ហ៊ុន​អេឡិចត្រូនិក​នានា​ក៏​បង្ហាញ​ពី​អាជីវកម្ម​របស់​ខ្លូន ព្រម​ទាំង​​​​អត្តពលិក​​ E-Sports ល្បី​ៗ​ជុំ​វិញ​ពិភព​លោក។

លោក Alex Lim អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​បាន​លើក​ឡើង​ថា​ ៖«​យើង​សង្ឃឹម​ថា​ គ្រប់​ភាគី​ទាំង​អស់​នឹង​ចែក​រំលែក​​ចក្ខុវិស័យ​ដូច​គ្នា​ក្នុង​កិច្ច​ ប្រជុំ​កំពូល​ និង​តាំង​ពិរពណ៌​ E-Sports សកល​នេះ​ដើម្បី​​ការ​អភិវឌ្ឍ​​វិស័យ​ E-Sports កាន់​តែ​ខ្លាំង​នា​ពេល​អនាគត»។

«យើង​ទន្ទឹង​រង់​ចាំ​ការ​ចូល​រួម​ពី​សហព័ន្ធ​ជាតិ​ជា​សមាជិក​ទាំង​អស់​​ ដើម្បី​ញុំង​ឲ្យ​ព្រឹត្តិការណ៍​កាន់​តែ​អស្ចារ្យ​ និង​E-Sports កាន់​តែ​មាន​សក្ដានុពល។ សង្ឃឹម​ថា កិច្ច​ប្រជុំ​ជា​ច្រើន​ផ្នែក​នៃ​​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​គាំទ្រ​ដល់​ ការ​ទទួល​ស្គាល់​ E-Sports របស់​ស្ថាប័ន​ SportAccord និង​​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: