សហព័ន្ធ​ E-Sports កម្ពុជា​បើក​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​សិក្ខាសាលា​អំពី​ E-Sports

Wednesday, May 11th, 2016

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ​បាន​រៀប​ចំ​​កិច្ច​ប្រជុំ​មួយ​​នៅ​ព្រឹក​ថ្ងៃ​ទី​​២៩​ ខែ​មេសា ឆ្នាំ​២០១៦​នេះ​ដើម្បី​ត្រៀម​រៀប​ចំ​សិក្ខាសាលា​​ស្តីអំពី​ E-Sports នៅ​កម្ពុជា​ និង​​ផែន​ការ​មួយ​ចំនួន​របស់​សហព័ន្ធ​ប្រចាំ​ឆ្នាំ​២០១៦។

 

E-Sport-02ឯកឧត្តម ជា ច័ន្ទបរិបូណ៌

 

កិច្ច​ប្រជុំ​នេះ​ចូល​រួម​ជា​អធិបតី​ដោយ​លោក​ ជី សិលា​ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ឯក​ឧត្តម​ ជា​ ច័ន្ទបរិបូណ៍ ​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​អនុប្រធាន​ទី​១​របស់​សហព័ន្ធ​ ព្រម​ទាំង​អគ្គលេខាធិការ​ ​អគ្គលេខាធិការ​រង​ និង​សមាជិក​ប្រតិបត្តិ។

 

ក្នុង ​ប្រជុំ​នេះ​ ឯក​ឧត្តម​ ជា​ ច័ន្ទបរិបូណ៍ ​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​អនុប្រធាន​ទី​១​របស់​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ​ដោយ​សារ​បញ្ហា​ប្រឈម​ និង​ការ​យល់​ច្រឡំ​​មួយ​ចំនួន​ពី​សាធារណជន​ចំពោះ​កីឡា​អេឡិចត្រូនិក​ ឬ E-Sports នៅ​កម្ពុជា​​ដែល​មិន​ទាន់​យល់​ច្បាស់​ពី​អ្វី​ទៅ​ដែល​ហៅ​ថា​ E-Sports។ ដូច្នេះ​សំខាន់​ណាស់​ដែល​សហព័ន្ធ​​ត្រូវ​រៀប​ចំ​សិក្ខា​​​សាលា​​ឡើង​ក្នុង​ គោល​បំណង​ពន្យល់​​ដល់​អ្នក​ដែល​ពាក់​ព័ន្ធ​​ ក៏​ដូច​ជា​​មហា​ជន​​បាន​​យល់​​​​កីឡា​ប្រភេទ​នេះ​ និង​កុំ​​ឲ្យ​យល់​ច្រឡំ​ត​ទៅ​ទៀត។

 

E-Sport-Meeting-1លោក ជី សិលា

 

ក្រៅ​ពី​គោល​បំណង​សំខាន់​នៃ​ការ​ត្រៀម​ខ្លួន​​រៀប​ចំ​សិក្ខា​សាលា​នេះ​ ​សហព័ន្ធ​ក៏​បាន​លើក​ផែន​ការ​​​មួយ​ចំនួន​ទៀត​ដូច​ជា​​​​ត្រៀម​ខ្លួន​រៀប​ចំ ​ការ​ប្រកួត​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៦​កាន់​តែ​ល្អ​ និង​​​រៀប​ចំ​ឲ្យ​​ក្រុម​ជើង​ឯក​ និង​ជើង​ឯក​​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​សម្រាប់​ចូល​រួម​ការ​ប្រកួត​លក្ខណៈ​ អន្តរជាតិ​​នា​ដើម​ឆ្នាំ​២០១៦។

 

សិក្ខា​សាលា​ស្តីពី​​កីឡា ​អេឡិចត្រូនិក​​នៅ​កម្ពុជា​គ្រោង​នឹង​ធ្វើ​នៅ​​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ ភ្នំពេញ​​​នា​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ​២០១៦៕

 

សូម​ទស្សនា​វីដេអូ

 

អត្ថបទ៖ ជាន ចាន់រ៉ា​​​


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: