Alibaba ដែល​ចាប់​ដៃ​គូ​នឹង​ IeSF គ្រោង​​វិនិយោគ​ប្រាក់​​ជិត​១៥០​លាន​ដុល្លារ​លើ​កីឡា​ E-Sports

Friday, August 5th, 2016

គោល​បំណង​ចម្បង​មួយ​​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ (IeSF)​គឺ​​ការ​ទទួល​ស្គាល់​ E-Sports ជា​កីឡា​ផ្លូវ​ការ​មួយ​ជា​សកល​ ​ដូច្នេះ​ហើយ​ទើប​បាន​ជា​សហព័ន្ធ​មួយ​នេះ​​បាន​ចាប់​ដៃ​​ជា​មួយ​ក្រុម​​ហ៊ុន​ធំ​ៗ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ដើម្បី​បំពេញ​មហិច្ឆតា​​មួយ​នេះ។​

 

Alibaba

 

ស្ថាប័ន​កីឡា​ Alisports (​Alibaba Sports Group)​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​អ៊ីនធើណេត​ និង​សេវាកម្ម​អនឡាញ​​ដែល​ពាក់​ព័ន្ធ​សំខាន់​ជា​មួយ​ Amazon ​របស់​ប្រទេស​ចិន​បាន​ចាប់​ដៃ​គូ​ជា​មួយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ។

នាយក​ប្រតិបត្តិ​ Alisports លោក​ Zhang Dazhong​ បាន​និយាយ​ថា​ ៖«ជា​ស្ថាប័ន​អាជ្ញាធរ​អន្តរជាតិ​​ដ៏​ធំ​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​ E-Sports​ សហព័ន្ធ​ IeSF បាន​ប្តេជ្ញា​​លើក​កម្ពស់​ និង​​ផ្សព្វផ្សាយ​ចលនា​កីឡា​ E-Sports​ ឲ្យ​ខ្លាំង​​បំផុត​ ក្នុង​នោះ​ជំរុញ​​កីឡា​ប្រភេទ​នេះ​ឲ្យ​ចូល​ទៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក»។

​គោល​បំណង​សំខាន់​​រួម​គ្នា​៣​នៃ​ការ​ចាប់​ដៃ​គូ​គ្នា​រវាង​ស្ថាប័ន​ទាំង​ពីរ​គឺ​ ទី​១៖ ភាគី​ទាំង​ពីរ​ចង់​មាន​កម្មវិធី​ប្រកួត​មួយ​ដែល​​អត្តពលិក​ e-Sports​ ទាំង​ស្ម័គ្រ​ចិត្ត​ និង​អាជីព​អាច​ចូល​រួម​ប្រកួត​បាន។ ចំណុច​នេះ​មាន​ន័យ​ថា​ IeSF គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ព្រឹត្តិការណ៍​ប្រកួត​​ WESG Game Series។ ទី​២៖ ​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ការ​រួម​គ្នា​​ដើម្បី​ជំរុញ​​​កីឡា​ E-Sports ​ឲ្យ​​​គេ​ទទួល​ស្គាល់​ជា​កីឡា​មួយ​​ប្រភេទ​ទូទាំង​ពិភព​លោក​ និង​ទី​៣៖ ភាគី​ទាំង​ពីរ​នឹង​បង្កើត​ IP តែ​មួយ។ ​

 

IeSF-Alisports-photo

លោក  Zhang ជា​ CEO ​របស់ Alisports (ឆ្វេង​ទី២) និង​លោក Jun, Byung-Hun ប្រធាន​ IeSF (ស្តាំ​ទី២)

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នោះ​ ​Alisports​ បាន​កំណត់​ទឹក​ប្រាក់​ជិត​១៥០​លាន​ដុល្លារ​អាមេរិក​​ដើម្បី​​វិនិយោគ​លើ​ E-Sports។ ​នេះ​បើ​យោង​តាម​សហព័ន្ធ​ IeSF។ ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​អេឡិចត្រូនិក​ពិភព​លោក​ឬ World Electronic Sports Games (WESG)​ ​ដែល​ត្រូវ​រៀប​ចំ​ឡើង​ដោយ​ Alisports ជា​មួយ​នឹង​ការ​គាំទ្រ​ខ្លាំង​ពី​ IeSF​ ​គ្រោង​ចំណាយ​ទឹក​ប្រាក់​ចំនួន​៥.៥​លាន​ដុល្លារ​​អាមេរិក​សម្រាប់​ជា​ប្រាក់​រង្វាន់។

បន្ថែម​លើ​ពី​នេះ​ទៀត​ Alisports ​គ្រោង​បង្កើត​​ទី​លាន​កីឡា​ E-Sports ជា​ច្រើន​នៅ​ប្រទេស​ចិន​​ដែល​ជា​ការ​ស្វែង​រក​មធ្យោបាយ​បង្កើត​កីឡា​ E-Sports ជា​«មធ្យោបាយ​នៃ​ជីវិត​ ឬ “way of life៕

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
ប្រភព៖ dailydot


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: