ខេត្តមួយនៅចិនដាក់កីឡា E-Sports ជាមុខវិជ្ជាជីវៈមួយនៅមហាវិទ្យាល័យ
ពេលនេះសិស្ស និស្សិតនៅខេត្ត Hunan ភាគកណ្តាលប្រទេសចិនលែងភ័យព្រួយជុំវិញការលេងហ្គេមអេឡិចត្រូនិកទៀតហើយ ខណៈមហាវិទ្យាល័យវិជ្ជាជីវៈកីឡាប្រចាំខេត្ត Hunan គ្រោងដាក់ប្រភេទកីឡាអេឡិចត្រូនិក ឬ E-Sports ជាមុខវិជ្ជាជីវៈមួយនៅមហាវិទ្យាល័យ។ សារព័ត៌មាន CCTV News បានចេញផ្សាយកាលពីថ្ងៃទី២ ខែតុលានេះថា Hunan បានក្លាយជាខេត្តដំបូងគេដែលអនុវត្តតាមក្រសួងអប់រំរបស់ប្រទេសចិនដែលបានដាក់បញ្ចូលកីឡា E-Sports ជាមុខវិជ្ជាជីវៈមួយនៅមហាវិទ្យាល័យ។ មហាវិទ្យាល័យវិជ្ជាជីវៈកីឡានៅ Hunan បាននិយាយថា ខ្លួននឹងសម្រេចចិត្តនៅពេលចាប់ផ្តើមជ្រើសរើសនិស្សិតឲ្យចូលរៀនវិជ្ជាជីវៈមួយនេះ។ ការប្រកាសរបស់ក្រសួងអប់រំអំពីកីឡា E-Sports បានធ្វើឡើងកាលពីខែកញ្ញាដែលធ្វើឲ្យមានការរិះគន់ខ្លះ។ ទោះជាយ៉ាងណាណា កីឡាអេឡិចត្រូនិកបានក្លាយជាអាជីវកម្មដ៏ធំនៅប្រទេសចិន។ រាល់ការប្រកួតម្តងៗពោរពេញដោយអ្នកគាំទ្រ ជាពិសេសពេលផ្សាយផ្ទាល់មានអ្នកទស្សនាច្រើន។ ប្រភពព័ត៌មាន CCTV បន្តថា មន្ត្រីចិនមួយចំនួនជឿជាក់ថា ការដាក់ E-Sports ជាមុខវិជ្ជាជីវៈនេះនឹងមានប្រយោជន៍ដល់និស្សិតដើម្បីសិក្សាស្វែងយល់អំពីទីផ្សារដែលត្រូវបានរាយការណ៍ថា អាជីវកម្ម E-Sports នេះមានតម្លៃជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៥៕ ប្រែសម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ CCTV