EFC’s Statement

Tuesday, June 14th, 2016

សេចក្ដី​ប្រកាស​ព័ត៌មាន​
របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​
ស្តី​ពី​ការ​វិវត្ត​របស់​សហព័ន្ធ​ E-Sports កម្ពុជា​ និង​អន្តរជាតិ​

E-sport-1សកម្មភាព​ធ្វើ​សន្និសីទ​កន្លង​មក

 

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ​សូម​ប្រកាស​ដល់​កីឡាករ​​អេឡិចត្រូនិក​កម្ពុជា​ សមាជិក​​ និង​សាធារណ​ជន​​​ឲ្យ​បាន​ជ្រាប់​ស្តីពី​​សកម្មភាព​​​របស់​សហព័ន្ធ​ E-Sports នៅ​កម្ពុជា​ និង​​ការ​​វិវត្ត​របស់​ E-Sports អន្តរជាតិ។

 

១- ​ថ្ងៃ​ទី​១៣​ដល់​១៥​ ខែ​មករា ឆ្នាំ​២០១៦​ សហព័ន្ធ​បាន​បញ្ជូន​​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ទៅ​ចូល​រួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ប្រចាំ​តំបន់​អាស៊ី​ Matic 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​ប្រទេស​ចូល​រួម​​ចំនួន​៦​​គឺ​​ម្ចាស់​ផ្ទះ​ ឥណ្ឌូណេស៊ី​ ចិន​ កម្ពុជា​ ថៃ​ ម៉ាឡេស៊ី​ និង​សិង្ហបុរី។ បើ​គិត​ជា​ក្រុម​វិញ​មាន​១៦​ក្រុម​គឺ​ប្រទេស​កម្ពុជា​មាន​​២ក្រុម​, ថៃ​​មាន​៣​ក្រុម​, ម៉ាឡេស៊ី​មាន​២​ក្រុម​, សិង្ហបុរី​មាន​​២​ក្រុម, ​ចិន​មាន​​២​ក្រុម​ និង​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​​៥​​ក្រុម។ ជា​លទ្ធផល​ ក្រុម​ E-Sports កម្ពុជា​ទទួល​បាន​ជើង​ឯក​រង​ដោយ​ទទួល​បាន​​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ។

 

២- ​ថ្ងៃ​ទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​សហព័ន្ធ​បាន​រៀប​ចំ​ធ្វើ​សិក្ខា​សាលា​​ស្តីពី«​កីឡា​ E-Sports» ដើម្បី​បក​ស្រាយ​ដល់​មហាជន​ឲ្យ​យល់​ច្បាស់​ពី​អ្វី​ដែល​ហៅ​ថា កីឡា​ E-Sports ដើម្បី​កុំ​ឲ្យ​យល់​ច្រឡំ​​ទៅ​ជា​បញ្ហា​ផ្សេង។ ​សិក្ខា​រយៈ​ពេល​មួយ​ព្រឹក​នៅ​សណ្ឋាគារ​ហ៊ីម៉ាវរី​នេះ​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯក​ឧត្តម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ តំណាង​សាលា​ក្រុង​ភ្នំពេញ​​ ​តំណាង​ហាង​អ៊ីនធើណេត​ និង​អ្នក​សារព័ត៌មាន​ដែល​សរុប​ទាំង​អស់​ជិត​៥០០​នាក់។

 

៣- ​ថ្ងៃ​ទី​២៧​ដល់​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ សហព័ន្ធ​បាន​បញ្ជូន​ក្រុម​កីឡា​ E-Sports កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អេឡិចត្រូនិក​ក្រប​ខណ្ឌ​អាស៊ាន​ (Asean Games for E-sports 2016)​នៅ​ប្រទេស​ម៉ាឡេស៊ី។ ​ព្រឹត្តិការណ៍​នេះ​មាន​​ម៉ាឡេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ សិង្ហបុរី ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន ​ថៃ ​វៀតណាម ​និង​កម្ពុជា។ ជា​លទ្ធផល​ ក្រុម​កម្ពុជា​​ស្ថិត​នៅ​ក្នុង​ចំណោម​ Top​ 8 បន្ទាប់​ពី​ឈ្នះ​២​​ប្រកួត​ និង​ចាញ់​៣​ប្រកួត។ ក្រុម IQ របស់​កម្ពុជា​ទទួល​បាន​ប្រាក់​រង្វាន់​​៣៥០០​ដុល្លារ​អាមេរិក។

 

៤- ថ្ងៃ​ទី​២៧​ដល់​៣០ ខែ​ឧសភា ឆ្នាំ​២០១៦​ ជា​ពេល​ដែល​ម៉ាឡេស៊ី​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ (Asean Games for E-sports 2016)​ ប្រទេស​មួយ​នេះ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ E-Sports ជា​កីឡា​​ពិត​ប្រាកដ​មួយ។ ប្រការ​នេះ​ជា​ចំណែក​​នៃ​វិវត្ត​របស់​កីឡា​អេឡិចត្រូនិក​អន្តរជាតិ។

 

៥- ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ​ ប្រទេស​រុស្ស៊ី​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ កីឡា​អេឡិចត្រូនិក​ ឬ​ E-Sports ជា​កីឡា​ពិត​ប្រាកដ​មួយ។ ការ​សម្រេច​របស់​​ប្រទេស​រុស្ស៊ី​នេះ​​ធ្វើ​ឡើង​​ស្រប​ពេល​​ដែល​ខ្លួន​ត្រៀម​ខ្លួន​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​។

 

៦-​ កាល​ពី​ថ្ងៃ​ទី​​២០​ ខែ​មេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​​នេះ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​បង្ហាញ​​ផ្លូវ​ដល់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ (International eSports Federation)​​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​បញ្ចូល​ eSports ​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នា​ពេល​អនាគត។

 

៧- សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​​នឹង​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ ( Global e-Sports Executive Summit)​​ស្តីពី​កីឡា​ E-Sports នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​២៨​​ខែ​កក្កដា​ដល់​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៦។ កិច្ច​ប្រជុំ​កំពូល​នឹង​ក៏​មាន​ព្រឹត្តិការណ៍​តាំង​ពិពណ៌នា​​ស្តីពី​សកម្មភាព​របស់​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ ក៏​ដូច​ជា​សកម្មភាព​កីឡា​អេឡិចត្រូនិក​មក​ពី​បណ្តា​ប្រទេស​សមាជិក​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ទូទាំង​ពិភព​លោក។ ​ជា​មួយ​គ្នា​នេះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​ចូល​រួម​បង្ហាញ​ពី​សកម្មភាព​កីឡា​ E-Sports នៅ​កម្ពុជា​ឲ្យ​ពិភព​លោក​បាន​ឃើញ​ដែរ។

 

៨- សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​នឹង​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ពិភព​លោក(8th e-Sports World Championship 2016 )​លើក​ទី​៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែ​តុលា​ ​ឆ្នាំ​២០១៦។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ក៏​គ្រោង​បញ្ជូន​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ដែរ។ វិញ្ញាសា​កីឡា​អេឡិចត្រូនិក​សម្រាប់​ឆ្នាំ​២០១៦​​​នេះ​​គឺ​​​CS:GO​ ​ដែល​កីឡាករ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង។ វិញ្ញាសា​ LOL ​កីឡាករ​មាន​អាយុ​ចាប់​ពី​១៤​ឆ្នាំ​ឡើង​ និង​វិញ្ញាសា​Hearthstone ​ក៏​មាន​អាយុ​ចាប់​ពី​១៤​ឆ្នាំ​​ឡើង៕

 

ថ្ងៃ​ទី​១២  ខែ​មិថុនា ឆ្នាំ​២០១៦​
សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​

 

ប្រធាន​
ជី សិលា


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: