លទ្ធផល​មិន​សំខាន់ ឲ្យ​តែ​រក្សា​ភាព​ខ្លាំង E-Sports អាច​នឹង​មាន​មុខ​នៅ Sea Game 2023

Thursday, January 22nd, 2015

ប្រភេទ​វិញ្ញាសា​កីឡា​អេឡិចត្រូនិក​អាច​នឹង​មាន​វត្តមាន​ក្នុង​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​តំបន់​អាស៊ី Sea Game 2023 ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ខាង​មុខ​នេះ បើសិនជា​ក្រុម​កីឡាករ E-Sports កម្ពុជា​នៅ​តែ​រក្សា​ទម្រង់​ប្រកួត​ល្អ ទោះជា​ទទួល​បាន​លទ្ធផល​បរាជ័យ​ក៏​ដោយ។

ថ្លែង​ក្នុង​សន្និសីទ​ស្ដី​ពី​ជ័យជម្នះ​មេដាយ​មាស​ជា​ប្រវត្តិសាស្ត្រ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក MATIC 2015 ឯក​ឧត្ដម វ៉ាត់ ចំរើន​បាន​លើក​ឡើង​ថា៖ “ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត Sea Game គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រជាជន​សប្បាយ​រីករាយ​តាម​រយៈ​ការ​ទទួល​មេដាយ​មាស​ ឲ្យ​បាន​ច្រើន ដូច្នេះ​ប្រភេទ​កីឡា​អេឡិចត្រូនិក​អាច​នឹង​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍ ​ប្រកួត​កីឡា​ស៊ីហ្គេម ២០២៣ បើសិនជា​ក្រុម​កីឡាករ E-Sports កម្ពុជា​នៅ​តែ​រក្សា​សមត្ថភាព​ប្រកួត​បាន​ល្អ​រហូត​ដល់​ឆ្នាំ ២០២១ ដែល​ជា​ឆ្នាំ​កំណត់​ប្រភេទ​វិញ្ញាសា​សម្រាប់​ព្រឹត្តិការណ៍ Sea Game»។

E-sport-1

ឯកឧត្ដម​បាន​បញ្ជាក់​ទៀត​ថា លទ្ធផល​ប្រកួត​នានា​នៅ​លើ​ឆាក​អន្តរជាតិ​របស់​កីឡាករ E-Sports មុន​ឆ្នាំ ២០២១ មក​ដល់​មិន​សូវ​សំខាន់​ទេ ព្រោះ​កីឡា​តែងតែ​មាន​ឈ្នះ​មាន​ចាញ់​ហើយ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ការ​រក្សា​ទម្រង់​ប្រកួត និង​ស្មារតី​ប្រយុទ្ធ​ឲ្យ​បាន​ខ្លាំង។ ឯកឧត្ដម​ថា៖ “បើ​ទោះជា​យើង​មិន​អាច​រក្សា​តំណែង​ជើងឯក​នេះ​បាន​នៅ​ឆ្នាំ​ក្រោយៗ តែ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ទម្រង់​ប្រកួត​ឲ្យ​បាន​ល្អ គឺ​ចាញ់​ទាំង​យើង​ខ្លាំង អាច​ថា​ចាញ់​មក​ពី​សំណាង​មិន​ដល់​ក៏​បាន ព្រោះ​សំណាង​ក៏​ជា​ផ្នែក​មួយ​នៃ​ជ័យជម្នះ​ផង​ដែរ។

ឯកឧត្ដម​អគ្គលេខាធិការ​ក៏​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​សហព័ន្ធ រួម​ទាំង​កីឡាករ​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា E-Sports កម្ពុជា​ឲ្យ​កាន់តែ​ល្បី និង​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​ដោយ​បាន​លើក​ឡើង​ថា៖ “សូម​ឲ្យ​កីឡាករ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​អ្វី​ដែល​ថ្មី​បន្ថែម​ ទៀត​ស្រប​តាម​បច្ចេកវិទ្យា​ទំនើប។ សម័យ​នេះ​អ្វី​ក៏​ដោយ គេ​​លែង​ដើរ​ហើយ គេ​​រត់ បើ​យើង​ដើរ​​គឺ​យើង​ក្រោយ​គេ​ហើយ អីចឹង​យើង​ត្រូវ​រត់​ដែរ​ ជា​ពិសេស​ E-Sports ដែល​ជា​កីឡា​ថ្មី​តាម​រយៈ​បច្ចេកវិទ្យា​ជឿន​លឿន យើង​ត្រូវUpdateដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាន់​សម័យ​កាល និង​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ជា​និច្ច។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៥ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)បាន​បញ្ជូន​​កីឡាករ​អេឡិចត្រូនិក​របស់​ខ្លួន​ចំនួន​៣​ក្រុម​រួម​មាន Secret, NeverCare និង MD ដែល​ក្នុង​ មួយ​ក្រុម​មាន​សមាជិក​៥​រូប​ទៅ​ចូល​​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2015 (Mission Against Terror International Championships)​លើក​ទី​៤​នៅ​ប្រទេស​ចិន​​ ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មករា ជាមួយ ១៧ ក្រុម​ផ្សេង​ទៀត​មក​ពី ៦ ប្រទេស​ផ្សេង​គ្នា។ ជា​លទ្ធផល​ក្រុម​កម្ពុជា Secret ទទួល​បាន​ចំណាត់​ថ្នាក់​ជើងឯក ខណៈ​ក្រុម MD ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ឯ​សមាជិក​ក្រុម NeverCare លាង ចាន់រស្មី​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ លើ​វិញ្ញាសា​ឯកត្តជន៕

អត្ថបទ៖ ភីឆាយ


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com