សហព័ន្ធ E-Sports កម្ពុជាប្រកាសការប្រកួតជើងឯកថ្នាក់ជាតិទូទាំងប្រទេស
Monday, November 16th, 2015
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានប្រកាសបើកការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ Cambodian Cyber Championship ប្រចាំឆ្នាំ២០១៥ ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ដែលការប្រកាសនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍កន្លងទៅនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ការប្រកួតជើងឯកជាតិនេះដើម្បីស្វែងរកជយលាភី២ក្រុមតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2016 ដែលកម្ពុជាជាម្ចាស់ជើងឯកឆ្នាំ២០១៥ និងត្រូវការពារតំណែងជើងឯករបស់ខ្លួន នាខែមករា ឆ្នាំ២០១៦ នៅប្រទេសឥណ្ឌូណេស៊ី។
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ CCC 2015 ត្រូវធ្វើឡើងទូទាំងប្រទេសដែលត្រូវបានបែងចែកជា៦តំបន់។ តំបន់ទី១-ខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង និងតាខ្មៅ ពីថ្ងៃទី១៩ តុលា ដល់ ទី២៤ តុលា។ តំបន់ទី២-ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះ ពីថ្ងៃទី២៦ តុលា ដល់ ទី៣១ តុលា។ តំបន់ទី៣-ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ពីថ្ងៃទី២ វិច្ឆិកា ដល់ ទី៨ វិច្ឆិកា។ តំបន់ទី៤-ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និងពោធិ៍សាត់ ពីថ្ងៃទី៩ វិច្ឆិកា ដល់ ទី១៤ វិច្ឆិកា។ តំបន់ទី៥- រាជធានីភ្នំពេញ ពីថ្ងៃទី១៦ វិច្ឆិកា ដល់ ទី២១ វិច្ឆិកា និងតំបន់ទី៦- កំពង់សោម កំពត កោះកុង កំពង់ស្ពឺ និងតាកែវ ពីថ្ងៃទី៧ ធ្នូ ដល់ ទី១១ ធ្នូ។
ការប្រកួតតាមតំបន់ទាំង៦ខាងលើនឹងត្រូវជ្រើសរើសយកក្រុមជើងឯកចំនួន១៦ក្រុមសម្រាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធីបុណ្យសមុទ្រ ខេត្តកំពត នៅថ្ងៃទី១១-១២ ខែធ្នូដើម្បីស្វែងរកក្រុមជយលាភី២ក្រុមតំណាងឲ្យប្រទេសកម្ពុជាចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2016 នៅប្រទេសឥណ្ឌូណេស៊ី នាខែមករា ឆ្នាំ២០១៦។
សម្រាប់ការប្រកួតជម្រុះតាមតំបន់ មានតែពីរក្រុមប៉ុណ្ណោះគឺចំណាត់ថ្នាក់លេខ១ និងលេខ២ ទទួលបានប្រាក់រង្វាន់។ ចំពោះក្រុមលេខ៣ និងលេខ៤ ដែលតំបន់ខ្លះយក៣ក្រុមឬ៤ក្រុមនោះមិនទទួលបានប្រាក់រង្វាន់ឡើយ ប៉ុន្តែពួកគេក៏មានសិទ្ធិមកប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីបុណ្យសមុទ្រដែរ។
ប្រាក់រង្វាន់ជយលាភីប្រចាំតំបន់ ក្រុមលេខ១ទទួលបាន១៥០០ដុល្លារអាមេរិក និងក្រុមលេខ២ទទួលបាន១០០០ដុល្លារអាមេរិក។ ចំណែកប្រាក់រង្វាន់វគ្គផ្ដាច់ព្រ័ត្រ ក្រុមលេខ១ទទួលបាន៣០០០ដុល្លារអាមេរិក ក្រុមលេខ២ទទួលបាន២០០០ដុល្លារអាមេរិក និងក្រុមលេខ៣ទទួលបាន៥០០ដុល្លារអាមេរិក។
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះត្រូវបានគេមើលឃើញថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ព្រមទាំងមានការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ដែលឧបត្ថម្ភដោយក្រុមហ៊ុន Sabay៕
អត្ថបទ៖ មុន្នី រម្យ
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com