ឯក​ឧត្តម​ប្រធាន NOCC សាទរ​ជយលាភី​ជើង​ឯក​​ MATIC របស់​ក្រុម​កម្ពុជា

Wednesday, February 11th, 2015

ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ព្រឹក​មិញ​​ស្តីពី​ក្រុម​កីឡា​ អេឡិចត្រូនិក​កម្ពុជា​​​ឈ្នះ​ជើង​ឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2015 នៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​ ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឯក​ឧត្តម ថោង ខុន ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​​បាន​សាទរ​​​ចំពោះ​ក្រុម​កីឡា E-Sports កម្ពុជា​ដែល​នាំ​ជ័យជម្នះ និង​កិត្តិយស​ជួន​ជាតិ។

ឯកឧត្ដម ​ វ៉ាត់ ចំរើន ​បាន​​សម្តែង​ការ​អបអរសាទរ​​​ចំពោះ​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​ បាន​លើក​ទង់​ជាតិ​កម្ពុជា និង​ទង់​ជ័យ​លើ​ឆាក​អន្តរជាតិ និង​នាំ​កិត្តិយស​ជួន​ជាតិ​កម្ពុជា។ ក្នុង​នាម​អគ្គលេខាធិការ ​ឯក​ឧត្តម​បាន​រាយការណ៍​ទៅ​​ឯកឧត្ដម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ពី​លទ្ធផល​គួរ​ជាទី​មោទនៈ​នេះ។

simple sleep3

ឯក​ឧត្តម​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​បាន​រាយការណ៍​ឯក​ឧត្តម​​ប្រធាន​ពី​សមិទ្ធផល​នេះ ឯក​ឧត្តម​ប្រធាន​មាន​សេចក្ដី​សាទរ​មែន​ទែន​ដែល​មិន​នឹក​ស្មាន​ថា ​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​យើង​ដណ្តើម​បាន​​ជើង​ឯក​ និង​កិត្តិយស​ជួន​ជាតិ។ ក្នុង​នាម​​ខ្ញុំ​តំណាង​ឲ្យ​ឯក​ឧត្តម​ប្រធាន និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សូម​អរគុណ​ចំពោះ​លោក​ប្រធាន​ ជី សិលា​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​លះ​បង់​កម្លាំង​កាយ​ចិត្ត និង​ធន​ធាន​ដើម្បី​បង្កើត​សហព័ន្ធ​ និង​បញ្ជូន​ក្រុម​កីឡា​ទៅ​ប្រកួត​​រហូត​ទទួលបាន​ផ្លែ​ផ្កា»។

ឯក ​ឧត្ដម​អគ្គលេខាធិការ​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​សហព័ន្ធ ​ព្រម​ទាំង​កីឡាករ​ខិត​ខំ​ប្រឹង​ទាំង​អស់​គ្នា​បន្ថែម​ទៀត​ដើម្បី​បង្កើន​ សមត្ថភាព និង​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​នា​ពេល​អនាគត។ ឯកឧត្ដម​ថា ៖«សូម​ឲ្យ​កីឡាករ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​អ្វី​ដែល​ថ្មី​បន្ថែម​ ទៀត​ស្រប​តាម​បច្ចេកវិទ្យា​ទំនើប។ សម័យ​នេះ​អ្វី​ក៏​ដោយ គេ​​លែង​ដើរ​ហើយ គេ​​រត់ បើ​យើង​ដើរ​​គឺ​យើង​ក្រោយ​គេ​ហើយ អីចឹង​យើង​ត្រូវ​រត់​ដែរ​ ជា​ពិសេស​ E-Sports ដែល​ជា​កីឡា​ថ្មី​តាម​រយៈ​បច្ចេកវិទ្យា​ជឿន​លឿន យើង​ត្រូវUpdateដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាន់​សម័យ​កាល និង​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ជា​និច្ច»។

ឯក​ឧត្តម វ៉ាត់ ចំរើន​បាន​បញ្ជាក់​ថា ដោយ​សារ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ ប្រហែល​ជា​ពីរ​បី​ខែ​កន្លង​ទៅ ដូច្នេះ​មិន​ទាន់​មាន​លក្ខណៈ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​​ដែល​ស្ថិត​នៅ​ ក្នុង​អនុក្រឹត្យ ឬ​ប្រកាស​អន្តរក្រសួង​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រដ្ឋាភិបាល។

«តាម ​ធម្មតា​យើង​ទទួល​បាន​មេដាយ​អីចឹង​ យើង​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រដ្ឋាភិបាល តែ​​ដោយសារ​សហព័ន្ធ​យើង​ទើប​បង្កើត​ថ្មី​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​ ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ អីចឹង​សហព័ន្ធ​ត្រូវ​ខិត​ខំ​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​គ្រប់​គ្រាន់​ ផ្លូវ​ច្បាប់​ និង​ស្ថិត​ក្រោម​ក្រសួង​អប់រំ យុវជន និង​កីឡា ពេល​នោះ​យើង​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ហើយ។ ចំណុច​នេះ​គ្មាន​អ្វី​ប្លែក​ទេ ព្រោះ​សហព័ន្ធ​ផ្សេង​​ទៀត​ក៏​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដែរ​​​ទើប​មាន​លក្ខណៈ​ ផ្លូវ​ច្បាប់​គ្រប់​គ្រាន់»។ ឯកឧត្តម​បន្ថែម។

E-SPORT NOCC 5

លោក ជី សិលា​ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ សារព័ត៌មាន​នេះ​ថា លោក​ពិត​ជា​រំភើប​ណាស់​ដែល​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​នាំ​ ជ័យជម្នះ និង​ជើង​ឯក​អន្តរជាតិ​ជូន​ជាតិ បន្ទាប់​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បង្កើត​ជា​ផ្លូវ​កាល​ពី​ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤​កន្លង​ទៅ។

លោក​ថា ៖«នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​សហព័ន្ធ​ដែល​ទើប​បាន​បង្កើត​ ថ្មី​ ហើយ​បាន​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ឈ្នះ​បាន​ជើង​ឯក​ជួន​ជាតិ។ ជ័យជម្នះ​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ​ គឺ​កើត​ឡើង​ដោយ​​​ខំ​ប្រឹង​ប្រែង និង​កម្លាំង​សាមគ្គី​ក្រុម​ទាំង​មូល។ យើង​ឃើញ​ក្រុម​ Secret ថ្វី​ត្បិត​តែ​ក្រុម​ក្មេង​ខ្ចី ប៉ុន្តែ​ស្មារតី​ក្រុម និង​សហការ​គ្នា​បាន​ល្អ​ដែល​ជា​គន្លឹះ​សំខាន់​នៃ​ការ​នាំ​ពាន​ជើង​ឯក​ជួន​ ជាតិ»។

លោក​ប្រធាន​សហព័ន្ធ​បន្ថែម​ថា សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នឹង​ដាក់​ចេញ​ផែន​ការ​ឲ្យ​ច្រើន​សម្រាប់ ​ព្រឹត្តិការណ៍​ប្រកួត​ និង​ផ្សព្វផ្សាយ​​ឲ្យ​បាន​ទូលំទូលាយ​សម្រាប់​ឆ្នាំ​ខាង​មុខ។ «ឆ្នាំ​២០១៥​នេះ​យើង​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ច្រើន​ទាំង​ថ្នាក់​ មូលដ្ឋាន និង​ជាតិ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ៗ​សម្រាប់​ការ​ប្រកួត​លើ​ឆាក​ អន្តរជាតិ​ដូច​ជា MATIC ឆ្នាំ​២០១៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ការ​ប្រកួត​ថ្នាក់​តំបន់ ទ្វីប​អាស៊ី និង​ឈាន​ចូល​អឺរ៉ុប​ថែម​ទៀត ជា​ពិសេស​នឹង​ប្រឹង​ប្រែង​ឲ្យ​មាន​វត្តមាន​កីឡាករ​អេឡិចត្រូនិក​កម្ពុជា​​ទៅ ​ប្រកួត​នៅ​​អាមេរិក​ជា​ដើម»។

សន្និសីទ​សារព័ត៌មាន​ ស្តីពី​ជយលាភី​ជើង​ឯក​របស់​ក្រុម​កីឡា E-Sports កម្ពុជា​​បាន​រៀប​ចំ​ឡើង​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ កម្ពុជា​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក​ ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​កម្ពុជា ព្រម​ទាំង​គណៈកម្មការ​ប្រតិបត្តិ និង​កីឡាករ បន្ទាប់​ពី​ក្រុម​កីឡា​​E-Sports កម្ពុជា​ទទួល​បាន​ជោគជ័យ​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អេឡិចត្រូនិក​ អន្តរជាតិ​ MATIC 2015 (Mission Against Terror International Championships)​លើក​ទី​៤​នៅ​ប្រទេស​ចិន​​ ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មករា ជាមួយ ១៧ ក្រុម​ផ្សេង​ទៀត​មក​ពី ៦ ប្រទេស​ផ្សេង​គ្នា៕

អត្ថបទ៖ ជាន ចាន់រ៉ា


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: