លក្ខន្តិកៈនៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

Thursday, January 22nd, 2015

អាណត្តិ ២០១៤-២០១៨

ជំពូក ១ ៖ គោលការណ៍ជាមូលដ្ឋាន

ប្រការ ១ ៖ គោលបំណង

សហព័ន្ធ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤​ មាន​ឈ្មោះ​ថា​«សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា»​ អក្សរ​កាត់​«ស.​ក​.​អ​.​ក​» អក្សរ​អង់គ្លេស «E-Sports​ Federation​ Cambodia​ (EFC)»ក្នុង​គោល​បំណង​៖

-អភិវឌ្ឍ និង​ផ្សព្វផ្សាយ​កីឡា​អេឡិច​ត្រូនិក​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​

-បណ្ដុះ​ប្រាជ្ញា ស្មារតី​ និង​ភាព​ឆ្លាត​វ៉ៃ​របស់​យុវវ័យ និង​អត្តពលិក

​-តំណាង​​ប្រទេស​កម្ពុជា​នៅ​ក្នុង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​រួម​មាន​កីឡា FIFA Online,​ WarCraft,​ The​ Frozen Throne,​ AK,… ​និង​កីឡា​អាស៊ី ព្រម​ទាំង​​អន្តរជាតិ​

-ជំរុញ និង​លើក​កម្ពស់​កីឡា​អេឡិចត្រូនិក​តាម​រយៈ​តម្លៃ​នៃ​មនុស្ស​ជាតិ អប់រំ​ វប្បធម៌​ សាមគ្គី និង​សន្តិភាព​

-អភិវឌ្ឍ និង​ការពារ​ស្វ័យភាព​នៃ​កីឡា​អេឡិចត្រូនិក​តាម​គោល​ការណ៍​កីឡា E-Sports​ អន្តរជាតិ​

-គាំទ្រ និង​ធ្វើ​ឲ្យ​សុខ​ដុម​ចំពោះ​វប្បធម៌ និង​អប់រំ​ជា​មួយ​កីឡា​អេឡិចត្រូនិក​

-រៀប​ចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​អន្តរជាតិ​ និង​តំណាង​ជាតិ​ទៅ​ប្រកួត​ជា​អន្តរជាតិ​ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​លក្ខន្តិកៈ និង​បទបញ្ញត្តិ​អន្តរជាតិ​

-សហព័ន្ធ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឋានៈ សង្គម​ ពូជ​សាសន៍ និង​សាសនា​ឡើយ​

-ទីស្នាក់​ការ​អាគារ​លេខ១​,​ ផ្លូវ​សាធារណៈ​ប៉ូឡូញ សង្កាត់ ​វាលវង់​ ខណ្ឌ​ ៧មករា​ រាជធានី​ភ្នំពេញ​ ព្រះរាជា​ណាចក្រ​កម្ពុជា។

 

ប្រការ ២ ៖ ភារកិច្ច

សហព័ន្ធ​មាន​ភារៈកិច្ចៈ​

-ផ្សព្វ​ផ្សាយ​នូវ​បទ​បញ្ជា​ជាតិ​អន្តរជាតិ​នៃ​កីឡា​អេឡិច​ត្រូនិក​គ្រប់​ប្រភេទ និង​ព្រឹត្តិបត្រ​សំខាន់​ៗ​ទាំង​ឡាយ​ជូន​ដល់​អត្តពលិក និង​ក្លិប​ជា​សមាជិក។

-រៀបចំ​ប្រតិទិន​ប្រកួត​ប្រចាំ​ឆ្នាំៈ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ជាតិ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ប្រកួត​មិត្តភាព​ ៘

-ទទួល​ស្គាល់​សំណើ​សុំបង្កើត​ក្លិប ឬ​សមាគម​ និង​សម្ព័ន្ធ​កីឡា​អេឡិច​ត្រូនិក​តាម​អង្គភាព​ ខេត្ត​ ក្រុង​រាជធានី​ ដែល​ស្រប​តាម​លក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ។

-ជ្រើស​តាំង​គណៈ​ប្រតិ​ភូតំណាង​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។

ប្រការ ៣ ៖ រូបសញ្ញា

និម្មិត​សញ្ញា​(Logo)​តំណាង​ឲ្យ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា​ត្រូវ​បាន​ប្រើ​ដូច​រូប​ខាង​ក្រោម​៖


EFC logo

-ពណ៌​ខៀវ​ ក្រហម​ និង​ស​ តំណាង​ឲ្យ​ពណ៌​នៃ​ទង់​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ​ពណ៌​ក្រហម​​តំណាង​ឲ្យ​ជាតិ ​ឬ ប្រជាជន ពណ៌ខៀវ​តំណាង​ឲ្យ​ព្រះមហាក្សត្រ​ និង​ពណ៌​ស​តំណាង​ឲ្យ​សាសនា និង​សន្តិភាព។

-ពណ៌​មាស​តំណាង​ឲ្យ​អរិយ​ធម៌​ និង​វប្បធម៌​ខ្មែរ​ដ៏​រុង​រឿង​នាសម័យ​អង្គរ។

-រូប​សញ្ញា​កណ្ដាល​តំណាង​ឲ្យ​បច្ចេក​វិទ្យា​នៃ​កីឡា​ E-Sports។

-ក្បាច់​រង្វង់​ចក្រ​ទ្រ​ខាង​ក្រោម​អក្សរ​ EFC​ តំណាង​ឲ្យ​ភាព​ឆ្លាត​វៃ​របស់​អត្តពលិក។

ជំពូក ២ ៖ រចនាសម្ព័ន្ធចាត់តាំងនិងគ្រប់គ្រង

ប្រការ ៤ ៖ រចនាសម្ព័ន្ធ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដឹក​នាំ​ដោយ​គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​៩​រូប​ រួម​មាន​សមាស​ភាពៈ

– ប្រធាន ១រូប

– អនុប្រធាន១រូប

– អគ្គលេខាធិការ១រូប

– អគ្គលេខាធិការរង១រូប

– អគ្គហិរញ្ញិក១រូប

– សមាជិក៤រូប

– ទីប្រឹក្សាបច្ចេកទេស២រូប

សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​៤​ ឆ្នាំ​ម្តង។ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួន​អាច​ឈរ​ឈ្មោះ​អោយ​គេ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​បាន។ ក្នុង​ករណី​មាន​សមាជិក​ចាប់​ពី​៥​ នាក់​ឡើង​ទៅ​បាន​​បោះ​បង់​ការងារ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ត្រូវ​កោះ​ប្រជុំ​មហាសន្និបាត​វិសាមញ្ញ​ដើម្បី​ជ្រើស​រើស​មាជិក​ថ្មី​បំពេញ​បន្ថែម​ដឹក​នាំ​បញ្ចប់​អាណត្តិ។

ប៉ុន្តែ​ប្រសិន​បើ​សមាជិក​ក្រោម​៥​នាក់​ ការ​ប្រជុំ​ជ្រើស​រើស​សមាជិក​ថ្មី​បំពេញ​បន្ថែម​នឹង​ត្រូវ​ធ្វើ​ឡើង​ត្រឹម​តែ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ និង​មាន​សំឡេង​គាំទ្រ​៥០+១​នៃ​អ្នក​ចូល​រួម។

ប្រការ ៥ ៖ ការ​បោះ​ឆ្នោត​មហា​សន្និបាត​នឹង​ធ្វើ​ការ​ជ្រើស​រើស​គណៈ​កម្មាធិការ​ប្រតិបត្តិ​ទាំង​មូល​ដោយ​ការ​បោះ​ឆ្នោត​សំងាត់។ ក្រោយ​បោះ​ឆ្នោត​រួច​គណៈ​កម្មាធិការ​ប្រតិបត្តិ​នេះ​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន និង​បែង​ចែក​ភារកិច្ច​ក្នុង​ជួរ​គណៈ​កម្មាធិការ។ គណៈ​កម្មាធិការ​ប្រតិបត្តិ​ជ្រើស​តាំង​ប្រធាន​កិត្តិយស និង​គណៈ​កម្មការ​ជំនាញ​របស់​សហព័ន្ធ។

ប្រការ ៦ ៖ ការប្រជុំ

គណៈ​កម្មាធិការ​ប្រតិបត្តិ​ត្រូវ​ចូល​រួម​ប្រជុំ​យ៉ាង​តិច​៤​ដង​ក្នុង​១​ឆ្នាំ​តាម​សំណើរ​បស់​ប្រធាន​ ឬ​អគ្គលេខាធិការ​ ឬ​សមាជិក​ភាគ​ច្រើន​របស់​ខ្លួន។

វត្តមាន​នៃ​សមាជិក​៥០+១​អាច​ចាត់​ទុក​ជា​បាន​ការ​ក្នុង​កិច្ច​ប្រជុំ។ កិច្ច​ប្រជុំ​នីមួយ​ៗ​ត្រូវ​មាន​កំណត់​ហេតុ​ដែល​ ត្រូវ​មាន​ចុះ​ហត្ថលេខា​របស់​ប្រធាន និង​អគ្គលេខាធិការ។ កំណត់​ហេតុ​ប្រជុំ​ទាំ​ងឡាយ​ត្រូវ​រក្សា​ទុក​ដោយ​អគ្គលេខាធិការ។

ប្រការ ៧ ៖ ការសរសើរនិងដាក់ពិន័យ

គណៈ​កម្មាធិការ​ប្រតិបត្តិ​មាន​ភារៈ​កិច្ច​លើក​សរសើរ និង​ដាក់​ពិន័យ​ចំពោះ​សមាជិក​របស់​ខ្លួន​សមាគម​ ឬក្លិប​ និង​សម្ព័ន្ធ​កីឡា​អេឡិច​ត្រូនិកកម្ពុជា។

ប្រការ ៨ ៖ មហាសន្និបាត

មហាសន្និបាតប្រចាំឆ្នាំត្រូវប្រជុំមុនខែមេសា។ លិខិត​អញ្ជើញ​ត្រូវ​ផ្ញើ​មួយ​ខែ​មុន​កាល​បរិច្ឆេទ​នៃ​មហាសន្និបាត។ សមាស​ភាព​ចូល​រួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​គឺ​សមាជិក​ទាំង​ឡាយ​របស់​សហព័ន្ធ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សមាជិក​ភាពគិត​ត្រឹម​ថ្ងៃ​កោះ​ប្រជុំ។ ក្លិប​នីមួយ​ៗ​ និង​សមាគម​អង្គភាព​ ខេត្ត​ ក្រុង​រាជ​ធានី​ នីមួយ​ៗ​អាច​ចាត់​តាំង​តំណាង​របស់​ខ្លួន​ម្នាក់​ឬ​ច្រើន​នាក់​ចូល​រួម​ក្នុង​មហា​សន្និបាត​ក៏​ប៉ុន្តែ​មាន​តែ​ប្រធាន ឬ​សមាជិក​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្នុង​គណៈ​កម្មាធិការ​ប្រតិបត្តិ​របស់ក្លិប ឬ​សមាគម​ ទើប​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន និង​បោះ​ឆ្នោត​បាន។ ការ​​បោះ​ឆ្នោត​តាម​រយៈ​ផ្ញើ​សំបុត្រ​មិន​អាច​អនុវត្ត​បាន​ឡើយ។

ប្រការ ៩ ៖ ការសម្រេច

ជាទូទៅការបោះឆ្នោតអាចអនុម័ត​ដោយ​លើក​ដៃ​លើក​លែង​តែ​ក្នុង​ករណី​មាន​ចែង​ក្នុង​ប្រការ​៥។ ការ​បោះ​ឆ្នោត​ជា​សំងាត់​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះត្រា​តែ​មាន​ការ​ស្នើ​ឡើង​ពី​សមាជិក​បោះ​ឆ្នោត​លើស​ ពី​ ៥០+១​ភាគរយ​។ ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​(៥០+១)​ លើក​​លែង​តែ​ក្នុង​ករណី​ដូច​មាន​ចែង​ក្នុង​ប្រការ​១០។

ប្រការ ១០ ៖ ការបញ្ឈប់

ត្រូវមានសំឡេង២/៣«ពីរភាគបី» នៃការបោះឆ្នោតក្នុងករណីដូចខាងក្រោម៖

-ការបញ្ឈប់ពីតំណែង

– ការកែប្រែលក្ខន្តិកៈឬ លប់ចោលប្រការណាមួយ

ប្រការ ១១ ៖ ក្នុង​ករណី​លទ្ធផល​បោះ​ឆ្នោត​មាន​សំឡេង​ស្មើ​គ្នា​ប្រធាន​អង្គ​សន្និបាត​ជា​អ្នក​សម្រេច។

ប្រការ ១២ ៖ របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​

របៀប​វារៈ​​នៃ​មហា​សន្និបាត​ត្រូវ​កំណត់​ដោយ​គណៈ​កម្មាធិការ​ប្រតិបត្តិ។ បញ្ហា​ចាំ​បាច់​ដែល​ត្រូវ​លើក​ឡើង​មាន​ជា​អាទិ៖

-ការបោះឆ្នោតជ្រើសរើសប្រធាននិងលេខាធិការនៃអង្គសន្និបាត

-របាយការណ៍ស្ដីពីសកម្មភាពដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិ

-របាយការណ៍ស្ដីពីស្ថានភាពហិរញ្ញវត្ថុ

-ថវិកាបន្តសម្រាប់ឆ្នាំខាងមុខ

-បញ្ហាទាំងឡាយដែលស្នើឡើងដោយសមាជិកប្រតិបត្តិសហព័ន្ធមុនថ្ងៃ១២ខែ កុម្ភៈ

-ការបោះឆ្នោតជ្រើសរើសសមាជិកនៃគណៈកម្មាធិការប្រតិបត្តិតាម«ប្រការ៤និង៥»

-«បទបញ្ជាផ្ទៃក្នុង» ក្នុងករណីមានការកែប្រែត្រូវរៀបចំឲ្យបានមុនថ្ងៃទី១៥ ខែ មេសា នៃឆ្នាំនីមួយៗ

ប្រការ ១៣ ៖ លិខិតអញ្ជើញចូលរួមមហាសន្និបាតត្រូវភ្ជាប់មកជាមួយនូវឯកសារដូចតទៅ៖

-របាយការណ៍ស្ដីពីការដឹកនាំរបស់សហព័ន្ធ

-របាយការណ៍ស្ដីពីស្ថានភាពហិរញ្ញវត្ថុ

-ថវិកាស្នើឡើងដោយគណៈកម្មាធិការប្រតិបត្តិ

-បញ្ហាដែលស្នើឡើងដោយសមាជិកមុនថ្ងៃទី១៥ ខែ កុម្ភៈ

-បញ្ជីរាយនាមសមាជិកដែលបានបញ្ចប់អាណត្តិក្នុងគណៈកម្មាធិការប្រតិបត្តិ

 

ប្រការ ១៤ ៖ ការកោះប្រជុំធ្វើមហាសន្និបាតវិសាមញ្ញត្រូវធ្វើឡើងមុន៣ សប្ដាហ៍ ប្រសិនបើៈ

-សមាជិកភាគច្រើននៃគណៈកម្មាធិការប្រតិបត្តិស្នើឡើង

-ភាគច្រើននៃក្លិបជាសមាជិក ស្នើឡើង​មហាសន្និបាតវិសាមញ្ញ​អាចពិភាក្សា​បានតែលើ បញ្ហា​ដែល​ចែង​ក្នុង​លិខិត​អញ្ជើញ។

-ក្រោយ​ពេល​ដែល​គណៈ​កម្មាធិការ​ប្រតិបត្តិ​ទទួល​បាន​សំណើ​ភ្លាម​នោះ​គណៈ​កម្មាធិការ​ត្រូវ​កោះ​ប្រជុំ​យ៉ាង​យូរ​ ៣​ សប្ដាហ៍។ លិខិត​អញ្ជើញ​ប្រជុំ​ត្រូវ​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ត្រូវ​ប្រជុំ​ហើយ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ត្រូវ​កំណត់​របៀប​វារៈ​ឲ្យ​បាន​សម​ស្រប។

ជំពូក ៣ ៖ ហិរញ្ញវត្ថុ

ប្រការ ១៥ ៖ ចំណូល

ប្រភពចំណូលរបស់សហព័ន្ធបានមកពី៖

-ចំណូលពីរដ្ឋាភិបាលអង្គការកីឡាជាតិ អន្តរជាតិ

-ប្រាក់ចំណូលបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនលើព្រឹត្តិការណ៍ប្រកួតកីឡាE-Sports

-ចំណូលពីសមាជិកភាពនៃក្លិបនិងអត្តពលិក​របស់​សហព័ន្ធ​ដែល​បង់​ជា​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​ចូល​ជា​សមាជិក

-ចំណូលពីសប្បុរសជន

ប្រការ ១៦ ៖ ការចំណាយ

-ការចំណាយរបស់សហព័ន្ធត្រូវកំណត់ក្នុងមហាសន្និបាតប្រចាំឆ្នាំ

-ចំនួនប្រាក់ដែលកំណត់នៅក្នុងប្រការនានានៃថវិកាមិនត្រូវឲ្យលើស២/៣«ពីរភាគបី»នៃថវិកាដែលមានឡើយ

-ការចំណាយធ្វើឡើង​ដោយមាន​ការឆ្លង​កាត់​ត្រួតពិនិត្យ​ដោយ​អគ្គលេខាធិការ​និង​មាន​ការ​យល់​ព្រម​ពី​ប្រធាន​សហព័ន្ធ

ជំពូក ៤ ៖ សមាជិក

ប្រការ ១៧ ៖ ក្លិប

ដើម្បីចូលជាសមាជិកក្លិបនីមួយៗ​ត្រូវមាន​ឈ្មោះ​និង​និម្មិត​សញ្ញា​(ឡូហ្គោ)​ផ្ទាល់​ខ្លួន និង​មាន​អាជ្ញា​ប័ណ្ណ​បើកអាជីវកម្មដែលមាន​សុពលភាព​យ៉ាង​ហោច​ណាស់៦​ខែ។ ក្លិប​នីមួយ​ៗ​ត្រូវ​បង់​ប្រាក់​វិភាគ​ទាន​ ”Membership​ fee”​ ប្រចាំ​ឆ្នាំ​ចំនួន​២៤​ម៉ឺន​រៀល​(៦០​ដុល្លារ​អាមេរិក)​ដើម្បី​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា។

ប្រការ ១៨ ៖ អត្ថប្រយោជន៍ក្លិប

ក្លិបជា​សមាជិកទទួលបានសញ្ញាប័ត្រសមាជិក​ដែលចេញពី​សហព័ន្ធ​កីឡា​អេឡិចត្រូ​និក​កម្ពុជា​​ និង​មានការ​ទទួល​ស្គាល់​ពី​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិ​កកម្ពុជា និង​មាន​សិទ្ធិ​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ឲ្យ​ចូល​រួមការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​រាជ​ធានី​ ខេត្ត​ អង្គភាព​ទូទាំង​ប្រទេស និង​អន្តរជាតិ។ ក្លិបនីមួយ​ៗ​មាន​សិទ្ធិ​ស្នើ​សុំរៀបចំការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ប្រចាំ​ក្លិប​តំបន់ និង​មូលដ្ឋាន​របស់​ខ្លួន​បាន​ដោយ​មាន​ការ​យល់​ព្រម​ពី​សហព័ន្ធ។

ប្រការ ១៩ ៖ សមាជិកជាអត្តពលិក

អត្តពលិកម្នាក់ៗ​ដែលចូលជា​សមាជិក​ពេញសិទ្ធិ​នៃក្លិបនីមួយ​ៗត្រូវ​បង់​ប្រាក់​ប្រចាំឆ្នាំ​ចំនួន​១ម៉ឺន​រៀល​(២,៥ដុល្លារ​អាមេរិក)។ អត្តពលិក​ត្រូវ​ភ្ជាប់​មក​ជា​មួយរូប​ថតកាត​សំគាល់​ខ្លួន និង​ឯកសារ​ផ្សេង​ៗទៀត។

ប្រការ ២០ ៖ អត្ថប្រយោជន៍អត្តពលិក

អត្តពលិកម្នាក់ៗ​មានសិទ្ធិចូលរួមក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​ថ្នាក់​រាជធានី​ ខេត្ត​ អង្គភាព និង​ជាតិ​ទូទាំង​ប្រទេស​ព្រម​ទាំង​អន្តរជាតិ។ អត្តពលិក​នឹងទទួល​បានអត្តសញ្ញាណ​ប័ណ្ណ​កីឡា​សម្រាប់​សំគាល់​ខ្លួន​ពី​សហព័ន្ធ។

ប្រការ ២១ ៖ ការចូលជាសមាជិកនិងការបង់ប្រាក់​

ក្លិប​និងអត្តពលិកជា​សមាជិកត្រូវបំពេញបែបបទចូល​ជា​សមាជិក​តាមរយៈអនឡាញ។ ក្លិប​និង​សមាជិក​ត្រូវ​បង់ប្រាក់​ប្រចាំឆ្នាំ​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​តម្លាភាព និង​គណនេយ្យ​ភាព​កំណត់​មួយ។

ប្រការ ២២ ៖ អត្តសញ្ញាណប័ណ្ណកីឡា

អត្តសញ្ញាណប័ណ្ណកីឡា​ត្រូវចេញជូន​អត្តពលិក​ជាប្រចាំឆ្នាំ​ដោយ​សហព័ន្ធកីឡា​អេឡិចត្រូ​និកកម្ពុជា។ ក្នុង​ករណីបាត់​បង់​អត្តសញ្ញាណ​ប័ណ្ណ​កីឡា​អត្តពលិក​ត្រូវរាយការណ៍​ទៅ​ក្លិប​ដើម្បី​ឲ្យរៀប​ចំអត្តសញ្ញាណប័ណ្ណកីឡាសាថ្មីដោយត្រូវបង់ប្រាក់១ម៉ឺនរៀល។

ជំពូក ៥ ៖ ការកែប្រែលក្ខន្តិកៈនិងសិទ្ធិតវ៉ា

ប្រការ ២៣ ៖ លក្ខន្តិកៈ​នេះអាចនឹង​កែប្រែបាន​តែតាម​រយៈមហាសន្និបាត​ប្រចាំឆ្នាំ​បើមាន​ការ​ស្នើសុំ​ពី​គណៈកម្មាធិការ​ប្រតិបត្តិ ឬក្លិប សមាគម​ និង​សម្ព័ន្ធខេត្ត​-រាជធានី។ ការកោះ​អញ្ជើញ​ចូលរួម​មហាសន្និបាត​ត្រូវមាន​ភ្ជាប់នូវ​សំណើ​កែប្រែ និង​យោបល់​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​លើ​សំណើ​ទាំង​នោះ។

ប្រការ ២៤ ៖ មហាសន្និបាត​ប្រចាំឆ្នាំគឺជា​សមត្ថកិច្ច​នីតិវិនិច្ឆ័យ​ចុងក្រោយ​តែមួយគត់​ក្នុង​ការ​សម្រេច​រាល់​ករណី​ដែលសមាជិក​ប្រតិបត្តិបាន​ស្នើឡើង។ សេចក្ដី​សម្រេច​នេះពុំ​អាចតវ៉ា​បាន​ឡើយ។

ប្រការ ២៥ ៖ សហព័ន្ធ​មិនអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ E-Sports ក្នុង​គោលបំណង​ល្បែង​ស៊ីសង​និង​អាជីវកម្ម​គេង​ចំណេញ​បាន​ឡើយ។

ប្រការ ២៦ ៖ សហព័ន្ធនឹងចេញ​បទបញ្ជាផ្ទៃក្នុង​លម្អិត​ស្ដីពី​ការ​អនុវត្ត​លក្ខន្តិកៈនេះ។

ប្រការ ២៧ ៖ លក្ខន្តិកៈ​នេះត្រូវបាន​មហាសន្និបាត​អនុម័ត​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា ឆ្នាំ ២០១៤៕


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/89 777 691, eMail:efckhmer@gmail.com