E-Sports ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​២​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ហើយ​​

Tuesday, November 17th, 2015

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ CCC ប្រចាំ​ឆ្នាំ​២០១៥​ បាន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​សម្រាប់​តាំង​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទី​១​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​កម្មវិធី​បុណ្យ​សមុទ្រ​ក្នុង​​ខេត្ត​កំពត​នា​ខែ​ធ្នូ​ ខាង​មុខ​នេះ​ហើយ។

 

ការ​ប្រកួត​ជម្រើស​កីឡា​ E-Sports នៅ​តំបន់​ទី​១​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​​៤​ខេត្ត​គឺ​ខេត្ត​ស្វាយរៀង​ កំពង់ចាម​ ព្រៃវែង​ និង​​កណ្តាល​ចាប់​ពី​ថ្ងៃ​ទី​​១៩​ដល់​ ថ្ងៃ​ទី​២៤​ ខែ​តុលា​ កន្លង​ទៅ​នេះ។ ​ជា​លទ្ធផល​ក្រុម​ពីរ​គឺ​ក្រុម​ You Will Know មក​ពី​ខេត្ត​កណ្តាល​ និង​ក្រុម​ OverCome មក​ពី​ខេត្ត​ស្វាយរៀង​តំណែង​ឲ្យ​តំបន់​ទី​១​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។

 

You Will Know team ក្រុម You Will Know

 

មុន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ ក្រុម​ You Will Know បាន​ប្រកួត​ឈ្នះ​ក្រុម​ The Fire Five មក​ពី​ខេត្ត​កំពង់ចាម​ដោយ​លទ្ធផល​ ៥-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ខណៈ​ក្រុម​ OverCome ​បាន​ប្រកួត​ឈ្នះ​ក្រុម​ Secret Hurricane មក​ពី​ខេត្ត​កណ្តាល​ដោយ​លទ្ធផល​ ៥-៤ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា។

 

ក្រុម​ទាំង​ពីរ​នេះ​មិន​ទាន់​ដឹង​ថា ក្រុម​ណា​ជា​ក្រុម​លេខ​១​ ឬ​លេខ​២​ទេ​ ដោយ​ពួក​គេ​ត្រូវ​ប្រកួត​គ្នា​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដើម្បី​ស្វែង​រក​​ក្រុម​លេខ​១​ទទួល​បាន​​ប្រាក់​រង្វាន់​១៥០០​ដុល្លារ ​និង​ក្រុម​លេខ​២​ទទួល​បាន​១០០០​ដុល្លារ​ មុន​ពេល​ពួក​គេ​ចូល​រួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស។

 

សម្រាប់​ការ​ប្រកួត​នៅ​តំបន់​ទី​១​ដែល​មាន​ខេត្ត​ចំនួន​៤​ខាង​លើ​មាន​ក្រុម​ចូល​រួម​ប្រកួត​ចំនួន​១០​ក្រុម​ដែល​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល​គឺ​ពូល​ A មាន​ក្រុម​៥​ក្រុម​ និង​ពូល​ B មាន​៥​ក្រុម​ដើម្បី​ប្រកួត​ជម្រុះ​រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

 

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​បាន​សហការ​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ គាំទ្រ​ដោយ​ក្រសួង​ទេសចរណ៍​ និង ICT Cambodia ​បាន​ប្រកាស​ថា ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​​១៦​ក្រុម​ពី​តំបន់​ទាំង​៦​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ​ពិធី​បុណ្យ​សមុទ្រ​ក្នុង​ខេត្ត​កំពត។ ប្រាក់​រង្វាន់​ជយលាភី​ក្រុម​លេខ​១​ទទួល​បាន​៣០០០​ដុល្លារ​ លេខ​២​ទទួល​បាន​២០០០​ដុល្លារ​ និង​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: