Tiger GNX និង Five_Furious តំណាងតំបន់ទី២ទៅវគ្គផ្តាច់ព្រ័ត្រ E-Sports នៅបុណ្យសមុទ្រ
Tuesday, November 17th, 2015
បន្ទាប់ពីការប្រកួតអស់រយៈពេលជិតមួយសប្ដាហ៍កន្លងទៅ ពេលនេះរកឃើញក្រុមខ្លាំងពីរគឺ Tiger GNX និង Five_Furious មកពីខេត្តរតនគីរីទាំងពីរក្រុមដែលតំណាងតំបន់ទី២ដែលមានសិទ្ធិធ្វើដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីបុណ្យនៅខេត្តកំពតនាខែធ្នូ ខាងមុខនេះ។
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិ CCC ប្រចាំឆ្នាំ២០១៥ បានរកឃើញក្រុមខ្លាំងពីរតំបន់ហើយបើគិតទាំងតំបន់ទីពីរនេះផង។ ការប្រកួតនៅតំបន់ទី២គឺធ្វើឡើងនៅខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះដែលមានក្រុមចូលរួមចំនួន៨ក្រុម និងបែងចែកជាពីរពូល។
ក្រុម Five Furious
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុម Tiger GNX បានយកឈ្នះក្រុម GNX Killer ដោយលទ្ធផល ៥-២ ខណៈក្រុម Five_Furious បានយកឈ្នះក្រុម First Blood ដោយលទ្ធផល៥-០ដើម្បីសិទ្ធិធ្វើដំណើរទៅកាន់ពិធីបុណ្យសមុទ្រ។
ក្រុម Tiger GNX និង Five_Furious ត្រូវប្រកួតគ្នានៅក្នុងកម្មវិធីបុណ្យសមុទ្រដើម្បីស្វែងក្រុមណាលេខ១ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ និងលេខ២ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ មុនពេលក្រុមទាំងពីរចូលរួមប្រកួតវគ្គផ្តាច់ស្វែងជយលាភីទូទាំងប្រទេស។ កាលប្រកួតនៅតំបន់ទី១ ក្រុម You Will Know និង OverCome ជាអ្នកមានសិទ្ធិទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅខេត្តកំពត។
ក្រុម Tiger GNX
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គាំទ្រដោយក្រសួងទេសចរណ៍ និង ICT Cambodia បានប្រកាសថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមាន១៦ក្រុមពីតំបន់ទាំង៦នឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៥នៅពិធីបុណ្យសមុទ្រក្នុងខេត្តកំពត។ ប្រាក់រង្វាន់ជយលាភីក្រុមលេខ១ទទួលបាន៣០០០ដុល្លារ លេខ២ទទួលបាន២០០០ដុល្លារ និងលេខ៣ទទួលបាន៥០០ដុល្លារ៕
អត្ថបទ៖ ជាន ចាន់រ៉ា
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/89 777 691, eMail:efckhmer@gmail.com